ធនាគារពិភពលោក នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ បានដំឡើងការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ប៉ុន្តែបានព្រមានថា ការធ្លាក់ចុះនូវទំនុកចិត្តគ្រួសារ និងអាជីវកម្ម រួមជាមួយនឹងវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ នឹងបន្តជះឥទ្ធិពលអវិជ្ជមាន នៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកមួយនេះ បានជួបប្រទះនឹងការលំបាក នៅឆ្នាំនេះ ដោយភាគច្រើនដោយសារវិបត្តិអចលនទ្រព្យ និងភាពទ្រឹងនៃតម្រូវការក្នុងស្រុក។ ហើយការរំពឹងទុកពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញរបស់ប្រទេសនេះ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករា ក៏អាចប៉ះពាល់ដល់កំណើនផងដែរ។
លោកស្រី Mara Warwick នាយកប្រចាំប្រទេសចិនរបស់ធនាគារពិភពលោក បានលើកឡើងថា៖ «ការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការធ្វើឲ្យប្រសើរឡើងនូវហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ក្នុងតំបន់ នឹងមានសារៈសំខាន់ ក្នុងការផ្ដើមបើកឲ្យមានការងើបឡើងវិញប្រកបដោយនិរន្តរភាព»។
លោកស្រីបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យមានតុល្យភាព រវាងការគាំទ្ររយៈពេលខ្លី ចំពោះកំណើនសេដ្ឋកិច្ច ជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង«។
ដោយសារឥទ្ធិពលនៃការបន្ធូរបន្ថយគោលនយោបាយថ្មីៗ និងភាពរឹងមាំនៃការនាំចេញ នាពេលខាងមុខ ធនាគារពិភពលោកមើលឃើញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន មានកម្រិត ៤,៩ភាគរយ នៅឆ្នាំនេះ ពោលគឺលើសការព្យាករណ៍ ៤,៨ភាគរយ កាលពីខែមិថុនា។
ទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើន «ប្រហែល ៥ភាគរយ» នៅឆ្នាំនេះ ជាគោលដៅមួយដែលខ្លួននិយាយថា ខ្លួនមានទំនុកចិត្តសម្រេចបាន។ ទោះបីជាកំណើនសម្រាប់ឆ្នាំ២០២៥ ក៏ត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម ៤,៥ភាគរយ ប៉ុន្តែកម្រិតនៅតែខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ធនាគារពិភពលោកដែលមាន ៤,១ភាគរយ៕


