ទោះបីជាកងទ័ពអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានវាយប្រហារលើរថយន្តដែលដឹកពួកសកម្មប្រយុទ្ធជីហាតឥស្លាម ប៉ុន្តែអាជ្ញាធរនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះ បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីន ៥នាក់ នៅខាងក្រៅមន្ទីរពេទ្យមួយ នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ។
ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានឲ្យដឹងថា មនុស្សទាំង ៥នាក់ ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២១ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងដែនដីនោះ មុនថ្ងៃរះ ខណៈដែលក្រុមហាម៉ាស និងអ៊ីស្រាអែល បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកថា បានធ្វើឲ្យយឺតពេល ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាង ១៤ខែ។
ចំណែកសហភាពអ្នកសារព័ត៌មានប៉ាឡេស្ទីន បានប្រាប់ថា ការវាយប្រហារបានសម្លាប់អ្នកសារព័ត៌មាន ៥ នាក់មកពីប្រព័ន្ធផ្សព្វផ្សាយ Al-Quds Today ដែលកំពុងស្ថិតនៅក្នុងរថយន្តផ្សាយនៅមុខមន្ទីរពេទ្យ Al-Awda ក្នុងជំរុំជនភៀសខ្លួន Al-Nuseirat ភាគកណ្តាលតំបន់ហ្កាហ្សា។

ជាមួយគ្នានេះ សហជីពបានបញ្ជាក់ថា អ្នកសារព័ត៌មានប៉ាឡេស្ទីនជាង ១៩០នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ 2023 ។
បណ្ដាញសារព័ត៌មានដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានហៅការវាយប្រហារនេះថា ជាការសម្លាប់រង្គាល ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍លើកម្មវិធីផ្ញើសារ Telegram ថា អ្នកសារព័ត៌មានទាំងនោះ «ត្រូវបានសម្លាប់នៅពេលដែលពួកគេបានបំពេញកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយ និងមនុស្សធម៌របស់ពួកគេ»។
តែយ៉ាងណាក្ដី យោធាអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារដោយកំណត់គោលដៅយ៉ាងជាក់លាក់លើរថយន្តមួយគ្រឿងដែលមានក្រុមភេរវជនជីហាតឥស្លាមនៅខាងក្នុងនោះ ក្នុងតំបន់ Nuseirat។ អ៊ីស្រាអែលតែងតែបានបដិសេធមិនបានកំណត់គោលដៅលើអ្នកសារព័ត៌មាន ហើយនិយាយថា ខ្លួនចាត់វិធានការចៀសវាងការវាយប្រហារលើជនស៊ីវិល៕
