ក្រសួងពាណិជ្ជកម្មចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំង បានចាប់ផ្តើមឡើងវិញការត្រួតពិនិត្យជាប្រចាំលើបង្កងដែលនាំចូលពីអូស្រ្តាលី ។
អ្នកស្រី He Yongqian គឺជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីទាំង ២នឹងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលជាប្រយោជន៍រួមដល់ពលរដ្ឋប្រទេសទាំង ២ ។
គួរឲ្យដឹងថា កាលពីចុងឆ្នាំ ២០២០ ចិនបានដាក់បំរាមក្រៅផ្លូវការ និងតំឡើងពន្ធលើទំនិញអូស្រ្តាលីដែលមានតម្លៃ ២០ពាន់លានដុល្លារអូស្រ្តាលី រួមទាំងធ្យូងថ្ម ស្រាក្រហម និងបង្កងថ្ម ក្រោយទីក្រុងកាន់បេរ៉ា អំពាវនាវឲ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺ COVID-19 ។
ការចាប់ផ្តើមឡើងវិញការនាំចូលបង្កងអូស្រ្តាលីនេះដែរ គឺជាការដោះស្រាយមួយចំពោះរឧបសគ្គពាណិជ្ជកម្មពុំទាន់ដោះស្រាយរួចទាំងអស់ដែលដាក់ជូនដោយចិនលើការនាំចេញរបស់អូស្រ្តាលី ក្រោយបែកបាក់ទំនាក់ទំនងទ្វេភាគីរួចមកនោះ ៕

