អាជ្ញាធរអូស្ត្រាលី បានជំរុញឲ្យប្រជាជននៅក្នុងសហគមន៍ជនបទរាប់សិបនាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ «ជាបន្ទាន់» នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ ដើម្បីគេចចេញពីចំហេះព្រៃមិនអាចគ្រប់គ្រងបានដែលកំពុងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស នៅឧទ្យានជាតិ។
អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់រដ្ឋ Victoria បាននិយាយថា អ្នកពន្លត់អគ្គិភ័យប្រហែល ៦០០នាក់ កំពុងប្រយុទ្ធនឹងអគ្គិភ័យ នៅក្នុងឧទ្យានជាតិ Grampians ចម្ងាយ ២៤០គីឡូម៉ែត្រភាគខាងលិចទីក្រុង Melbourne។
អគ្គិភ័យនេះ បានបន្តអស់រយៈពេលជាង ១សប្តាហ៍មកហើយ នៅក្នុងស្ថានភាពអាកាសធាតុក្តៅ និងខ្យល់កន្ត្រាក់ ដោយឆាបឆេះផ្ទៃដីទំហំ ៥៥.០០០ហិកតា ពោលគឺប្រហែល ១ភាគ៣នៃផ្ទៃដីឧទ្យានជាតិ តែរហូតមកដល់ពេលនេះ មិនទាន់បណ្តាលឲ្យមានអ្នកស្លាប់ ឬឆេះបំផ្លាញផ្ទះសម្បែងនៅឡើយទេ។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានព្រមានឲ្យអ្នកស្រុកចាកចេញពីផ្ទះសម្បែងរបស់ពួកគេភ្លាមៗ នៅក្នុងសហគមន៍ជនបទតូចៗចំនួនជាង ២៤ដប់ ដែលមានប្រជាជនចាប់ពី ៦នាក់ រហូតដល់ទៅច្រើនរយនាក់។
ប្រជាជននៅក្នុងសហគមន៍ផ្សេងទៀតជាច្រើន ត្រូវបានប្រាប់ឲ្យជ្រកកោននៅក្នុងផ្ទះ ព្រោះការចាកចេញមកក្រៅ មិនមានសុវត្ថិភាពនោះទេ៕

