អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើផ្សារដ៏សំខាន់ ក្នុងទីក្រុង Nikopol របស់អ៊ុយក្រែន បានបណ្ដាលឱ្យមនុស្ស ៨នាក់រងរបួស នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ។
តាមរយៈកម្មវិធីផ្ញើសារ Telegram អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak បានសរសេរថា អ្នករបួស ៧នាក់ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានការវាយប្រហារ បានបំផ្លិចបំផ្លាញហាងលក់ទំនិញជាច្រើន នៅឯផ្សារមួយ។
ការវាយប្រហារដោយយានដ្រូននេះ កើតឡើងបន្ទាប់ពីការវាយប្រហារនៅថ្ងៃបុណ្យណូអែលរបស់រុស្ស៊ីលើប្រព័ន្ធថាមពលរបស់ប្រទេសនេះ បានសម្លាប់មនុស្សម្នាក់ នៅក្នុងតំបន់។
យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ២០គ្រឿង ក្នុងចំណោម ៣១គ្រឿងដែលត្រូវបានបាញ់បង្ហោះដោយរុស្ស៊ី ពេញមួយយប់។
យោធាបានបន្ថែមថា ក្នុងចំណោមយានដ្រូនទាំង ៣១គ្រឿង យានដ្រូនចំនួន ១១គ្រឿងផ្សេងទៀត មិនបានទៅដល់គោលដៅនោះទេ ដោយសារតែមានការឆ្លើយតបយ៉ាងសកម្មពីយោធាអ៊ុយក្រែន៕