
រូបភាពវីដេអូឃ្លីបសាក្សីឃើញហ្វូងមនុស្សយ៉ាងច្រើន នាំគ្នារត់គេចចេញ ក្រោយស្នូរគ្រាប់កាំភ្លើងបន្លឺឡើងក្នុងទីក្រុង Homs ប្រទេសស៊ីរី ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងកើតហេតុ ពីអគារនៅក្បែរនោះ ផ្ទាំងប៉ាណូ រង្វង់មូល ផែនទីផ្លូវ និងដើមឈើដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេពុំអាចបញ្ជាក់ពីកាលបរិច្ឆេតបានឡើយ ។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី(SOHR) បាននិយាយថា បាតុកម្មនៅក្នុងទីក្រុង Homs និងទីក្រុងជាច្រើនទៀតនៅស៊ីរី បានកើតមានកាលពីថ្ងៃទី ២៥ ខែធ្នូ ក្រោយវីដេអូគ្មានកាលបរិច្ឆេតដែលត្រូវបានផ្សព្វផ្សាយតាមអនឡាញ ឃើញអគ្គិភ័យនៅក្នុងទីសក្ការៈបូជា Alawite ស្ថិតក្នុងទីក្រុង Aleppo ដោយក្រុមប្រដាប់អាវុធដើរចុះដើរឡើងនៅទីនោះ និងឈរនៅក្បែរសាកសពមនុស្ស ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា នគរបាលស៊ីរី បានដាក់បំរាមគោចរនៅពេលយប់ក្នុងទីក្រុង Homs ផងដែរ ក្រោយភាពរំជើបរំជួលនៅទីនោះ ពាក់ព័ន្ធនឹងបាតុកម្មដែលអ្នកស្រុកនិយាយថា ដឹកនាំដោយសហគមន៍ជនជាតិភាគតិច Alawite និងសហគមន៍មូស្លីមនិកាយស៊ីអ៊ីត ។
ក្រុមអ្នកស្រុកមួយចំនួន និយាយថា បាតុកម្មនេះ មានការជាប់ពាក់ព័ន្ធនឹងសំពាធ ក៏ដូចជាអំពើហិង្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលមានគោលដៅលើសហគមន៍ជាតិភាគតិច Alawite គឺជានិកាយមួយដែលត្រូវបានគេមើលឃើញជាយូរមកហើយថាមានភក្តីភាពចំពោះលោក Assad ដែលត្រូវបានទម្លាក់ចេញពីអំណាចដោយក្រុមឧទ្ទាមអ៊ីស្លាមនិកាយស៊ុននី កាលពីថ្ងៃទី ៨ ខែធ្នូកន្លងទៅ ៕