កណ្ដាល ៖ បណ្តាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ នៅថ្ងៃទី២ខែវិច្ឆិកានេះ បានសំដែងការបង្កើនខិតខំប្រឹងប្រែងរៀនសូត្រ និងសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃម្សិលមិញចំពោះការប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២១នេះ ត្រូវតែរៀបចំប្រឡងឆ្នាំនេះដូចធម្មតា ដោយមិនមានអោយជាប់ទាំងស្រុងដូចឆ្នាំមុននោះទេ។
បណ្តាសិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែនតាខ្មៅ ក៏ដូចវិទ្យាល័យផ្សេងៗ បានថ្លែងថា ចាប់តាំងពីពួកគេបានចាប់ផ្តើមចូលសិក្សាថ្នាក់ទី១២មក បើទោះមានមេរោគកូវីដ១៩បង្កជាបញ្ហាប្រឈមក៏ដោយ ក៏ពួកគេទាំងអស់គ្នាបានខិតខំប្រឹងប្រឹងស្វះស្វែងរកការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិចផង និងនៅក្នុងថា្នក់ផងរហូតមកដល់បច្ចុប្បន្ន ហើយពួកគេនៅតែបន្តបង្កើនការខិតខំរៀនរហូតដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ ។
សិស្សថ្នាក់ទី១២ ថ្លែងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃម្សិលមិញ គេចាត់ទុកថា ជាការដាសតឿនក្រើនរំលឹកដ៏ល្អបំផុត ហើយវាក៏មិនទាន់ហួសពេលសម្រាប់សិស្សដែលស្នើសម្តេចសុំជាប់ដោយស្វ័យប្រវត្តិ ខណៈការប្រឡងបាក់ឌុបនៅសល់ពេលវេលារហូតជាង ១ខែទៀតឯណោះ។
តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច បានប្រកាសអោយរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយក៏សូមផ្តាំផ្ញើអោយក្មួយៗ ចៅៗ ដែលជាសិស្សថ្នាក់ទី១២ទាំងអស់សូមផ្តល់ការយោគយល់ និងត្រូវបានខិតខំរៀនត្រៀមប្រឡងដើម្បីអនាគតរបស់ខ្លួន។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០២០ កន្លងទៅនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានអាក់ខានមិនបានប្រឡង ដោយសារកម្ពុជា ជួបរងការផ្ទុះរាតត្បាតមេរោគកូវីដ១៩ខ្លាំងនៅក្នុងសហគមន៍ ហើយកាលនោះសិស្សថ្នាក់ទី១២ ត្រូវបានអោយជាប់ជាស្ថាពរទាំងអស់ដោយគ្មាននិទ្ទេស ខណៈសិស្សានុសិស្សកាលនោះគឺបានខិតខំប្រឹងប្រែងរៀនសូត្របានច្រើនជាងនៅក្នុងឆ្នាំនេះ៕
អត្ថបទ ស៊ុម សុខជា