យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ក្រុមអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ទី២៦សប្ដាហ៍នេះ បានបើកការបង្ក្រាបផ្នែកសន្តិសុខនៅទីក្រុង តាតូស (Tartous)ជាទីដែលកងកម្លាំងនគរបាល១៧នាក់ ត្រូវបានសម្លាប់។

របាយការណ៍នេះបាននិយាយថា ក្រុមអាជ្ញាធរបានប្តេជ្ញាបន្តតាមរកសំណល់នៃកងជីវពលរបស់អតីតប្រធានាធិបតីលោក Bashar al-Assad ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារនេះ។
ទីក្រុង តាតូស គឺជាជម្រករបស់ក្រុមសមាជិកជាច្រើននៃក្រុមមូស្លីមនិកាយស៊ីអ៊ីតអាឡាវីត (Alawite )របស់លោក Assad ។

ការវាយប្រហារលើនគរបាលពេលនេះ បានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះក្រុមអាជ្ញាធរ ដឹកនាំដោយអ៊ីស្លាមនិកាយស៊ុននី ដែលដឹកនាំដោយ ក្រុមឧទ្ទាម Hayat Tahrir al-Sham ឬ HTS ក្រោយបានផ្តួលរំលំរបបដឹកនាំលោក Assad កាលពីថ្ងៃទី ៨ខែធ្នូ ២០២៤នេះ។
ដោយឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកខាងនិកាយ ការតវ៉ាក៏បានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនកាលពីថ្ងៃពុធផងដែរ ដែលគេបានឃើញនៅក្នុងវីដេអូ ត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បន្ទាប់ពីវីដេអូ ពុំមានការបញ្ជាក់កាលបរិច្ឆេទ បង្ហាញពីការដុតបំផ្លាញទីសក្ការបូជារបស់ក្រុមមូស្លីមនិកាយស៊ីអ៊ីតអាឡាវីត ក្នុងទីក្រុង អាឡេប៉ូ (Aleppo) បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សមាជិកនៃជនជាតិភាគតិចអាឡាវីត ដែលជាពូជពង្សនៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត បានវាយលុកយ៉ាងខ្លាំងលើក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់លោក Assad ៕