នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានលើកឡើងថា ប្រសិនបើគ្មាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេនោះ ការបញ្ចប់សង្រ្គាមនៅកម្ពុជាមិនងាយស្រួលនោះឡើយ ហើយបច្ចុប្បន្នសន្តិភាពគឺបានកំពុងលេចខ្ពស់ត្រដែតសម្រាប់កម្ពុជាក្នុងដំណាក់កាលជាបន្តបន្ទាប់មកនេះ ខណៈគុណតម្លៃ នៃសន្តិភាព ដែលបានមកដោយគោលនយោបាយឈ្នះ ឈ្នះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការសាងសង់វិមានឈ្នះ ឈ្នះ និងការរៀបចំអបអរសាទរខួប២៦ឆ្នាំ នៃទិវា«សន្តិភាព»នៅកម្ពុជា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានរំលេចអំពីគុណបំណាច់ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ទាំងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ការអនុវត្តន៍ដ៏ជោគជ័យនៃ នយោបាយឈ្នះ ឈ្នះ និង ជាមេរៀនក្នុងប្រវត្តិសាស្រ្ត ដែលបានទទួលអំពីនយោបាយឈ្នះ ឈ្នះ ទាំងយុទ្ធសាស្រ្ត យុទ្ធវិធី និងទាំងប្រតិបត្តិ ហើយការសាងសង់នូវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកោះកុងនេះ គឺបានរៀបរាប់ និងចង់ក្រងអំពីដំណើរការ នៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំឲ្យកម្ពុជាមានសុខសន្តិភាព ពេញលេញពិតប្រាកដនោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងផងដែរថា គុណតម្លៃ នៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយសំឡេង នៃសន្តិភាពនៅកម្ពុជា ជាមួយនិងនយោបាយឈ្នះ ឈ្នះនេះ គឺបានផ្តល់នូវការអភិវឌ្ឍ ហើយបានផ្តល់នូវយុទ្ធសាស្រ្តថ្មីទៀតសម្រាប់បន្តការការពារសន្តិភាពទៅមុខទៀតដ៏យូរអង្វែង។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺមានរយៈពេល២៦ឆ្នាំហើយ (២៩ធ្នូ ឆ្នាំ១៩៩៨ ២៩ ធ្នូ ឆ្នាំ២០២៤) ជាថ្ងៃសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ទទួលបានសន្តិភាពពេញផ្ទៃប្រទេសក្រោមឆ័ត្រនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ត្រូវជាខួប១ឆ្នាំគត់ ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»ផងដែរនោះ៕ អត្ថបទ៖ បាន ចក់




