លោកវរសេនីយ៍ឯកសោម សោភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថាកម្លាំងនគរបាលបានសហការជាមួយនឹងប្រជាការពារធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ក្រោយពីមន្ត្រីមានសមត្ថកិច្ចទទួលបានព័ត៌មានពីមូលដ្ឋានថាមានក្មេងធ្វើសកម្មភាព ជិះម៉ូតូចំនួន ៣គ្រឿង កាន់ដាវ និងកាំបិត អូសតាមបណ្តោយផ្លូវថ្នល់ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ ឃុំពោធិរាជ និងឃុំដូនសរ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤ ។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន ៣គ្រឿងបានដាក់ដាវ និងកាំបិតក្នុងកែបម៉ូតូជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ក្នុងគោលបំណងជិះម៉ូតូដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១និង៥០នាទីរសៀល ទើបពួកគាត់បានបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ មកដល់ចំណុចលើភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវ និងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល ១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។

បន្ទាប់មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេង ទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់តែសមត្ថកិច្ចមកដល់បានឃាត់ពួកខ្លួនទាំង៦នាក់ និងដកហូតវត្ថុតាងកាំបិត និងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត និងបានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង ៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។
រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់៕


