ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាក្នុងការអនុញ្ញាតឱ្យសិស្សានុសិស្ស ប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ១៩ ជាប្រភេទថតចម្លង (Copy) ដើម្បីរក្សាកាតដើម កុំឱ្យមានការខូចខាត ឬបាត់បង់ដោយប្រការណាមួយ ព្រោះក្មេងៗមានកម្រិតនៃការថែទាំ និងការប្រុងប្រយ័ត្ន មិនសូវបានជាប់លាប់ដូចយើងមនុស្សធំៗឡើយ។
សម្ដេចតេជោ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រសាសន៍ថា សិស្សានុសិស្សបានប្រើប្រាស់នូវកាតចាក់វ៉ាក់សាំង ដើម្បីបង្ហាញសម្រាប់ការចូលរៀន ដោយបើយើងអនុញ្ញាតឲ្យប្រើច្បាប់ដើម ការពាក់ទៅចូលរៀនបែបនេះ អាចនឹងត្រូវខូចខាត ឬបាត់បង់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ម្យ៉ាងទៀតកុមារាកុមារី គឺខ្វះការថែទាំ ហើយបើជួបមេឃភ្លៀង អាចនឹងជួបការលំបាក ក្នុងន័យនេះ សូមស្នើឲ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណ ដែលថតចម្លង (Copy) ហើយរក្សាប័ណ្ណដើមទៅនៅផ្ទះ ដោយសុវត្ថិភាព ៕
អត្ថបទ ៖ សុខរិទ្ធ
