អ៊ីស្រាអែល បានវាយប្រហារលើគោលដៅជាច្រើនកន្លែង ដែលជាប់ពាក់ព័ន្ធទៅនឹងចលនាក្រុមហ៊ូទី មានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ រួមទាំងវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងសាណា ហើយប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ូទី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់ បានស្លាប់។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកហៀបនឹងឡើងជិះយន្តហោះនៅអាកាសយានដ្ឋាន នៅពេលនោះអាកាសយានដ្ឋានបានរងការវាយប្រហារ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកយានិកម្នាក់នៅលើយន្តហោះ បានរងរបួស។

យោធាអ៊ីស្រាអែល បាននិយាយថា ក្នុងការបន្ថែមទៅលើការវាយប្រហារនៅអាកាសយានដ្ឋាន ខ្លួនក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានៅកំពង់ផែ Hodeidah កំពង់ផែSalif និងកំពុងផែ Ras Kanatib នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសយេម៉ែន ព្រមទាំងបានវាយប្រហារលើស្ថានីយ៍ថាមពល Hezyaz និងស្ថានីយ៍ថាមពល Ras Kanatib របស់ប្រទេសផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមហ៊ូទី បាននិយាយថា មនុស្ស៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអាកាសយានដ្ឋាន និង៣នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងកំពង់ផែ Hodeidah ខណៈ៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ។