មេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃសុក្រ ២៧ ធ្នូសប្ដាហ៍នេះថា គណបក្សនឹងបន្តផែនការដើម្បីចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីស្តីទី លោក Han Duck-soo តាមអាណត្តិរបស់ប្រជាជន។

បក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ បានគំរាមចោទប្រកាន់ទម្លាក់តំណែងលោក Han ប្រសិនបើលោកមិនព្រមតែងតាំងជាបន្ទាន់នូវមន្ត្រីយុត្តិធម៌ចំនួនបីរូបបន្ថែមទៀត ដើម្បីបំពេញតំណែងទំនេរមានស្រាប់នៅតុលាការធម្មនុញ្ញដែលកំពុងព្យាយាមចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។

សភាបានបោះឆ្នោតគាំទ្របេក្ខជនបីរូបកាលពីថ្ងៃព្រហស្បតិ៍២៦ធ្នូសប្ដាហ៍នេះ ប៉ុន្តែពួកគេមិនទាន់ត្រូវបានតែងតាំងជាផ្លូវការដោយលោក Han នៅឡើយទេ។ មេបក្សប្រឆាំងរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលថា ប្រធានាធិបតីស្តីទី បានផ្លាស់ប្តូរទៅជាអាជ្ញាធរស្តីទីនៃការក្បត់ជាតិ។
ញត្តិចោទប្រកាន់ ដែលត្រូវតែបោះឆ្នោតក្នុងរយៈពេលពី២៤ទៅ៧២ម៉ោងបានលើកឡើងពីសកម្មភាពជាច្រើនដោយលោក Han ជាហេតុផលសម្រាប់ការចោទប្រកាន់របស់លោក រួមទាំងការវេតូរបស់លោកលើច្បាប់របស់រដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតការចោទប្រកាន់ការប្រព្រឹត្តខុសដោយស្ត្រីទីមួយរបស់លោកYoon។ ប្រសិនបើ Han ត្រូវបានចោទប្រកាន់ទម្លាក់តំណែងបានសម្រេច រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងកាន់តំណែងជាប្រធានាធិបតីស្តីទី៕