សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) ថា យោធាអ៊ីស្រាអែល បានបន្ធូរបន្ថយច្បាប់នៃការចូលរួមប្រយុទ្ធរបស់ខ្លួននៅពេលចាប់ផ្តើមសង្រ្គាមតំបន់ហ្កាហ្សា ដើម្បីអាចឱ្យប្រមុខបញ្ជាការវាយប្រហារលើគោលដៅជាច្រើន ទោះបីជាមានហានិភ័យខ្ពស់នៃការស្លាប់ និងរបួសរបស់ជនស៊ីវិលក៏ដោយ ។
កាសែតនេះនិយាយថា ភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដោយខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស យោធាបានផ្តល់សិទ្ធិអំណាចដល់មន្ត្រីថ្នាក់កណ្តាលក្នុងការវាយលុកលើគោលដៅយោធាជាច្រើន ដែលមានជនស៊ីវិលរហូតដល់ ២០នាក់ប្រថុយនឹងការស្លាប់។
New York Times បន្តថា បទបញ្ជានេះមានន័យជាឧទាហរណ៍ថា យោធាអាចកំណត់គោលដៅលើសមាជិកក្រុមសកម្មប្រយុទ្ធក្នុងពេលដែលពួកគេនៅផ្ទះជាមួយសាច់ញាតិ និងអ្នកជិតខាង ជំនួសឱ្យការដែលពួកគេនៅម្នាក់ឯងនៅខាងក្រៅ។
សារព័ត៌មាននេះបញ្ជាក់ថា របាយការណ៍របស់ខ្លួនគឺផ្អែកលើការសម្ភាសន៍ជាមួយទាហាន និងមន្ត្រីជាង ១០០នាក់ រួមទាំងមនុស្សជាង ២៥នាក់ ដែលបានជួយជ្រើសរើស និងពិនិត្យគោលដៅ។ យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕


