ក្រុមពន្លត់អគ្គិភ័យអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រ (២៧ ធ្នូ) នេះថា ពួកគេកំពុងប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីគ្រប់គ្រងចំហេះព្រៃដែលរាលដាលកាត់ឧទ្យានជាតិ ដោយបានលេបត្របាក់ផ្ទៃដីទំហំប៉ុនប្រទេសសិង្ហបុរី។
រដ្ឋ វីកតូរៀ (Victoria) ភាគខាងកើត បានប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរកាលពីសប្តាហ៍មុន ជាមួយនឹងចំហេះជាច្រើនកន្លែងបានបង្ខំឱ្យមានការជម្លៀសចេញនៅក្នុងសហគមន៍ជនបទរាប់សិបតំបន់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋ លោក លូក ហេហ្កាធី (Luke Hegarty) បាននិយាយថា ចំហេះដ៏ធំបំផុតឥឡូវនេះបានបំផ្លាញ ៧៤.០០០ហិកតានៃឧទ្យានជាតិ ហ្រ្គាមភៀន (Grampians) — ដែលមានទំហំប្រហែល ១០០.០០០ទីលានបាល់ទាត់ ឬប៉ុនប្រទេសសិង្ហបុរី — ដែលស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង មែលប៊ន (Melbourne)។
លោកសង្កត់ធ្ងន់ថា ស្ថានភាពចំហេះបានធូរស្រាល ប៉ុន្តែវានៅតែត្រូវការពេលវេលាដើម្បីគ្រប់គ្រងអណ្ដាតភ្លើងឧទ្យាន Grampians ដ៏សន្ធោសន្ធៅ ដែលមានបរិវេណជាង ៣៦០គីឡូម៉ែត្រ។ នោះមានន័យថា គេត្រូវគ្រប់គ្រងជុំវិញបរិវេណចំហេះទាំងមូល ដើម្បីធានាសុវត្ថិភាព ហើយនោះមិនមែនជាកិច្ចការងាយស្រួលនោះទេ៕


