ក្រសួងការពារជាតិអ៊ុយក្រែន និយាយថា ទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធរួមជាមួយរុស្ស៊ីប្រឆាំងកងកម្លាំងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការលំបាកផ្នែកដឹកជញ្ជូន រួមទាំងខ្វះទឹកផឹកផងដែរ។ ទាហានកូរ៉េខាងជើងប្រហែល១១.០០០នាក់ ត្រូវបានគេជឿថា ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បាននឹងកំពុងធ្វើប្រតិបត្តិការវាយលុកឆ្លងព្រំដែន។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះពីការវិភាគអំពីប្រតិបត្តិការរបស់ទាហានកូរ៉េខាងជើងនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារបាននិយាយថា ទាហានកូរ៉េខាងជើងបានស្លាប់និងរងរបួសច្រើនពីការវាយប្រហាររបស់អ៊ុយក្រែន ប៉ុន្តែពួកគេត្រូវបានបំពេញបន្ថែមដោយគ្រាប់រំសេវ និងស្បៀងអាហាររបស់រុស្ស៊ី ហើយបានបន្តប្រតិបត្តិការរបស់ពួកគេ។
ទីភ្នាក់ងារអ៊ុយក្រែន បាននិយាយថា ការថយចុះខ្លាំងនៃទំនាក់ទំនងតាមវិទ្យុទាក់ទងក្នុងចំណោមអង្គភាពកងទ័ពកូរ៉េខាងជើង ត្រូវបានគេសង្កេតឃើញថា បណ្តាលមកពីការវាយលុកដោយជោគជ័យរបស់កងកម្លាំងអ៊ុយក្រែនលើមជ្ឈមណ្ឌលទំនាក់ទំនងដ៏សំខាន់មួយរបស់ពួកគេ។
ទីភ្នាក់ងារនេះ បាននិយាយថា ទាហានកូរ៉េខាងជើង បច្ចុប្បន្ន ប្រឈមមុខទៅនឹងបញ្ហាផ្គត់ផ្គង់ ហើយថែមទាំង ខ្វះទឹកផឹក ផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីតាំងលំនៅចំនួនពីរកន្លែងនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដោយមួយកន្លែងដណ្តើមបានកាលពីថ្ងៃពុធ និងមួយកន្លែងទៀតកាលពីថ្ងៃព្រហស្បតិ៍ ជាសញ្ញានៃការវាយលុកកាន់តែខ្លាំងរបស់រុស្ស៊ីនៅក្នុងតំបន់នោះ។

