គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃសុក្រ (២៧ ធ្នូ) នេះ បានអនុម័តថវិកាចំនួន ៧៣០ ពាន់លានដុល្លារ ក្នុងតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ខណៈដាក់កម្រិតលើការចេញមូលបត្របំណុលថ្មីធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេល ១៧ឆ្នាំ ដោយសារចំណូលពន្ធច្រើនបំផុតក្នុងកំណត់ត្រា។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Ishiba បានប្រឈមនឹងសមរភូមិនយោបាយដ៏ស្វិតស្វាញជាមួយគណបក្សប្រឆាំង ដើម្បីឆ្លងថវិកានេះតាមរយៈសភានៅដើមឆ្នាំក្រោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជំហរដ៏ទន់ខ្សោយរួចទៅហើយរបស់លោកនៅក្នុងការបោះឆ្នោត។
ថវិកាសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមក្នុងខែមេសា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១១៥,៥ សែនកោដិ៍យ៉េន (៧៣២,៣៦ ពាន់លានដុល្លារ) ដោយកើនឡើង ២,៦% ពីឆ្នាំបច្ចុប្បន្នចំនួន ១១២,៦ សែនកោដិ៍យ៉េន ដែលជំរុញដោយការចំណាយលើសេវាបំណុល និងសន្តិសុខសង្គម។
ប៉ុន្តែចំណូលពន្ធដ៏ច្រើនទំនងជាអាចជួយកាត់បន្ថយការចេញមូលបត្របំណុលថ្មីមកត្រឹម ២៨,៦ សែនកោដិ៍យ៉េន ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៨ មក។ ជាលទ្ធផល អនុបាតពឹងផ្អែកលើបំណុលនឹងឈរនៅ ២៤,៨% ដែលមានន័យថាការលក់មូលបត្របំណុលថ្មីមានចំនួនមួយភាគបួននៃថវិកា ដោយនោះតំណាងឱ្យការធ្លាក់ចុះដំបូងក្រោម ៣០% ចាប់តាំងពីឆ្នាំ១៩៩៨ មក៕



