នីហ្ស៊េរីយ៉ា៖ ក្រុមអ្នកសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត តាមគំនរបាក់បែកទាំងយប់ក្នុងទីក្រុង Lagos របស់ប្រទេសនីហ្ស៊េរីយ៉ា បន្ទាប់ពីអគារកម្ពស់ ២២ជាន់បានបាក់រលំក្នុងដំណាក់កាលកំពុងសាងសង់។ មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ អ្នកនៅរស់រានមានជីវិត ៤នាក់ត្រូវបានជួយសង្គ្រោះ។

ចំណែកមូលហេតុនាំឲ្យអគារនេះបាក់រលំ និងមនុស្សពិតប្រាកដប៉ុន្មាននាក់បានជាប់ក្នុងគំនរបាក់បែកបាក់ នៅមិនទាន់ច្បាស់នៅឡើយ។ ហេតុការណ៍បាក់រលំអគារនេះបានកើតឡើងនៅម៉ោងប្រហែល ១៤:៤៥នាទីម៉ោងក្នុងស្រុកនៅក្នុងស្រុក Ikoyi។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុមអាជ្ញាធរបានបញ្ជាឲ្យមានការស៊ើបអង្កេតករណីបាក់រលំនេះ និងសន្យាធ្វើរបាយការណ៍សាធារណៈចុងក្រោយ។ លោក Femi Adesina ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីលោក Muhammadu Buhari បាននិយាយថា លោកប្រធានាធិបតីបានចូលរួមរំលែកទុក ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់របស់ពួកគេ និងបានសន្យាជំរុញក្រុមអាជ្ញាធរឲ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ៕
អត្ថបទ៖ សុខមាន