រុស្ស៊ី បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ខណៈនិយាយថា ខ្លួនត្រៀមរួចជាស្រេចក្នុងការចរចាលើកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងដើម្បីបញ្ចប់សង្គ្រាមជិត ៣ឆ្នាំនេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) ថា "បទឈប់បាញ់ធម្មតាពុំមានន័យអ្វីឡើយ" ដោយអ៊ុយក្រែន នឹងប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ លោកបន្ថែមថា "យើងត្រូវការកិច្ចព្រមព្រៀងដែលមានចំណងផ្លូវច្បាប់ ដែលនឹងបង្កើតលក្ខខណ្ឌទាំងអស់សម្រាប់ការធានាសន្តិសុខរបស់រុស្ស៊ី និងផលប្រយោជន៍សន្តិសុខស្របច្បាប់របស់អ្នកជិតខាងរបស់យើង"។

ខណៈអ៊ុយក្រែន ស្ថិតលើជំហរការពារ ហើយរុស្ស៊ី បន្តវាយរុលយ៉ាងលឿននៅលើសមរភូមិ លោក Trump និងទីប្រឹក្សារបស់លោក បានផ្តល់សញ្ញាថា លោកប្រធានាធិបតី Vladimir Putin អាចរក្សាការគ្រប់គ្រងជាក់ស្តែងនៃទឹកដីអ៊ុយក្រែនស្ទើរតែ ២០% ដែលកងកម្លាំងរបស់លោកកាន់កាប់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានបន្ទន់ជំហររបស់ខ្លួន ដោយស្នើឱ្យរដ្ឋាភិបាលទីក្រុងគីវ ប្រើមធ្យោបាយការទូត ដើម្បីស្រោចស្រង់យកទឹកដីរបស់ខ្លួនមកវិញ។
ទីក្រុងមូស្គូ ក៏កំពុងទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលជាផ្លូវការនូវកិច្ចប្រឹងប្រែងចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាសម្ព័ន្ធយោធា ណាតូ ហើយយល់ព្រមលើការកំណត់យ៉ាងតឹងរ៉ឹងលើទំហំយោធារបស់ខ្លួន ប៉ុន្តែទីក្រុងគីវ បានច្រានចោលលក្ខខណ្ឌទាំងនោះ៕

