ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលពីព្រែកជីស៊ុយអេ (Suez) បានធ្លាក់ចុះជាង ៦០ភាគរយ ក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំមុន ចំពេលមានបញ្ហាប្រឈមក្នុងតំបន់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។

លោក អាល់ស៊ីស៊ី បានថ្លែងនៅក្នុងជំនួបមួយជាមួយលោក Osama Rabie ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ(SCA)ថា ប្រទេសអេហ្ស៊ីប បានបាត់បង់ប្រាក់ចំណូលប្រហែល ៧ ពាន់លានដុល្លារអាមេរិកពីព្រែកជីកស៊ុយអេ ក្នុងឆ្នាំ ២០២៤ ចំពេលមានព្រឹត្តិការណ៍បច្ចុប្បន្ន នៅក្នុងសមុទ្រក្រហម និងតំបន់ Bab al-Mandab Strait ដែលជះឥទ្ធិពលអវិជ្ជមានដល់ចរាចរណ៍របស់នាវា នៅក្នុងព្រែកជីកនេះ និងនិរន្តរភាពនៃពាណិជ្ជកម្មពិភពលោក។
សេចក្តីថ្លែងការណ៍ បានបង្ហាញថា លោកប្រធានាធិបតីអេហ្ស៊ីប បានណែនាំអាជ្ញាធរព្រែកជីកស៊ុយអេ (SCA)ឲ្យបន្តធ្វើការលើគម្រោងនៃការអភិវឌ្ឍព្រែកជីកនេះ ការផ្តល់សេវានាវាចរណ៍ដ៏ល្អបំផុត និងការលើកកម្ពស់តួនាទីរបស់ព្រែកជីក ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ចរាចរណ៍ពាណិជ្ជកម្មពិភពលោក។
ព្រែកជីកស៊ុយអេ នៅតែជាផ្លូវទឹកយុទ្ធសាស្ត្រ និងជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីប ដែលកំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់។
