ចៅក្រមនិយាយនៅថ្ងៃសុក្រនេះថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងកាត់ទោសករណីចោទប្រកាន់លោកអតីតប្រធានាធិបតី Yoon Suk Yeol ជាអាទិភាព និងចាត់វិធានការឆាប់ៗលើបណ្តឹងរបស់ពួកគេ ក្នុងសវនាការដំបូងលើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់មេដឹកនាំព្យួរតំណែងម្នាក់នេះ ។
តុលាការបញ្ចប់សវនាការដំបូងក្នុងករណីនេះនៅថ្ងៃសុក្រ ហើយនិងកំណត់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ ជាថ្ងៃសវនាការបន្ទាប់របស់ពួកគេ ។
ក្រោយរយៈពេលច្រើនសប្តាហ៍ជំនះ ឬពុំអើពើនឹងសំណើដោយតុលាការឲ្យដាក់ឯកសារ ក៏ដូចជាការកោះហៅដោយក្រុមស៊ើបអង្កេតក្នុងករណីព្រហ្មទណ្ឌដាច់ដោយឡែកមួយទៀតលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោក មេធាវីរបស់លោក Yoon និយាយថា ក្រុមតំណាងច្បាប់របស់លោក បានចូលរួមសវនាការនៅថ្ងៃសុក្រនេះ ។
លោក Yoon ពុំត្រូវបានតម្រូវឲ្យចូលរួមសវនាការនោះទេ ហើយបើសិនជារូបលោកត្រូវបានដកចេញពីអំណាច ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ ។
សូមបញ្ជាក់ថា លោក Yoon បានធ្វើឲ្យកូរ៉េខាងត្បូង និងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការប្រកាសកាលពីយប់ថ្ងៃទី ៣ ខែធ្នូថា លោកបានដាក់ច្បាប់អាជ្ញាសឹក ដើម្បីទម្លុះភាពទាល់ច្រកនយោបាយ ហើយនិងគាស់រំលើងកម្លាំងប្រឆាំងរដ្ឋ ៕


