ប្រមុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការកើនឡើងនៃអរិភាពរវាងក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន និងអ៊ីស្រាអែល ដោយហៅការវាយប្រហារលើអាកាសយានដ្ឋាន Sanaa ថា គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការ បានថ្កោលទោសការកើនឡើងភាពតានតឹងរវាងប្រទេសយេម៉ែន និងអ៊ីស្រាអែល។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍លើអាកាសយានដ្ឋានអន្តរជាតិ Sana'a កំពង់ផែសមុទ្រក្រហម និងស្ថានីយថាមពល ក្នុងប្រទេសយេម៉ែន គឺគួរឲ្យព្រួយបារម្ភជាពិសេស»។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Sanaa និងគោលដៅផ្សេងទៀត ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ួទី បានរាយការណ៍ថា មនុស្សចំនួន ៦នាក់ បានស្លាប់។
ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ួទី បានបាញ់មីស៊ីលមួយគ្រាប់ និងយានដ្រូនចំនួនពីរគ្រឿង ទៅលើអ៊ីស្រាអែល។
ប្រធានអង្គការសុខភាពពិភពលោកលោក តេដ្រូស អាហាណុម ហ្គឺប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកកំពុងនៅឯអាកាសយានដ្ឋាន ក្នុងអំឡុងពេលវាយប្រហារនោះ ដោយអង្គការសហប្រជាជាតិ បាននិយាយថា សមាជិកម្នាក់នៃអាកាសយានិករបស់ខ្លួន បានរងរបួស។
