ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានបញ្ជូនទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន។
ទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយទាហានរាប់ពាន់នាក់ ដើម្បីជួយទាហានរុស្ស៊ី រួមទាំងនៅតំបន់ព្រំដែនឃើស (Kursk) ជាកន្លែងដែលអ៊ុយក្រែន បានធ្វើការលុកលុយព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងខែសីហា។
សេវាចារកម្មជាតិរបស់កូរ៉េខាងត្បូង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«តាមរយៈការចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសសម្ព័ន្ធមិត្ត ខ្លួនត្រូវបានបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ដែលរងរបួស ត្រូវបានចាប់ខ្លួន»។

ប្រភពស៊ើបការណ៍មួយ បានប្រាប់សារព័ត៌មានAFP ថា ទាហានរូបនេះ ត្រូវបានចាប់ខ្លួន ដោយកងទ័ពអ៊ុយក្រែន ដោយបន្ថែមថា ទីតាំងដែលគាត់ ត្រូវចាប់ខ្លួននោះ គឺមិនត្រូវបានគេដឹងទេ។
ការបញ្ជាក់ជាលើកដំបូងនៃការចាប់ខ្លួនទាហានកូរ៉េខាងជើង បានកើតឡើង រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជិត ៣.000 នាក់ ត្រូវបាន «សម្លាប់ឬរងរបួស» រហូតមកទល់ពេលនេះ ។
