ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្សេលីនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានណែនាំរដ្ឋាភិបាលរបស់ខ្លួន ឲ្យបង្កើតយន្តការផ្គត់ផ្គង់ ដើម្បីចែកចាយរួមគ្នាជាមួយអង្គការអន្តរជាតិ និងដៃគូអាហារ ដល់ប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃលោកប្រធានាធិបតី បាសា អាល់អាសាដ ( Bashar al-Assad)។

អ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងដ៏សំខាន់មួយរបស់ពិភពលោក ហើយបាននិងកំពុងនាំចេញស្រូវសាលី និងពោត ទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ា ប៉ុន្តែមិនមែនទៅប្រទេសស៊ីរីទេ។
ប្រភពរុស្ស៊ី និងស៊ីរី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសស៊ីរី បាននាំចូលអាហារពីប្រទេសរុស្ស៊ីក្នុងសម័យលោក អាសាដ ប៉ុន្តែការផ្គត់ផ្គង់ស្រូវសាលីរបស់រុស្ស៊ី ត្រូវបានផ្អាក ចំពេលមានភាពមិនច្បាស់លាស់ និងការពន្យាពេលការទូទាត់។
លោក ហ្សេឡិន បានសរសេរនៅលើបណ្តាញសង្គម X ថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយស៊ីរី ក្នុងការទប់ស្កាត់វិបត្តិស្បៀងអាហារ ជាពិសេសតាមរយៈកម្មវិធីមនុស្សធម៌ គឺ«គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន»។
«ខ្ញុំបានណែនាំរដ្ឋាភិបាល ឲ្យបង្កើតយន្តការផ្គត់ផ្គង់ស្បៀង ដោយសហការជាមួយអង្គការអន្តរជាតិ និងដៃគូ ដែលអាចជួយបាន»។
