ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងបន្តសម្រេចបាននូវគោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២៥ ដោយហៅវាថា ជាកិច្ចការលេខមួយ។
លោក ពូទីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ុបអាស៊ី នៅតំបន់ Leningrad នៃប្រទេសរុស្ស៊ីថា៖ ជាការពិតណាស់ យើងសន្មតថា យើងនឹងដោះស្រាយរាល់គោលដៅនៃប្រតិបត្តិការយោធាពិសេស។ ជាទូទៅ នេះគឺជាកិច្ចការលេខមួយ។ យើងនឹងគាំទ្រប្រជាជនរបស់ យើង។ ឥឡូវនេះ យើងកំពុងនិយាយ ហើយពួកគេកំពុងប្រយុទ្ធ នៅពេលនេះ» ។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយដោយឆ្លើយសំណួរអំពីការបញ្ចប់ជម្លោះអ៊ុយក្រែន នៅឆ្នាំ ២០២៥ ថា៖« យើងក៏កំពុងព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែន ផងដែរ»។
លោក ពូទីន បានអះអាងដែរថា រុស្ស៊ីអាចប្រើប្រព័ន្ធមីស៊ីល Oreshnik ប្រសិនបើចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត នឹងមិនប្រញាប់ប្រញាល់ទេ ពីព្រោះពួកវាមានថាមពលខ្លាំងក្លា និងផលិតឡើង ដើម្បីដោះស្រាយបញ្ហាជាក់លាក់។
លោកប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា បច្ចុប្បន្ន រុស្ស៊ីមានប្រព័ន្ធមីស៊ីល Oreshnik មួយចំនួន បើទោះបីជា «មិនច្រើន»ក៏ពិតមែន ប៉ុន្តែបានចាប់ផ្តើមដំណើរការផលិតរួចហើយ ដើម្បីធានាបាននូវ«បរិមាណគ្រប់គ្រាន់»។

