នៅក្នុងបទសម្ភាសន៍បើកចំហមួយ លោក Ben Saul អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រឆាំងអំពើភេរវកម្ម បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់ បានផ្តល់រួមគ្នានូវ៩៩%នៃអាវុធរបស់អ៊ីស្រាអែល ដោយចោទជាសំណួរធ្ងន់ធ្ងរអំពីការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នករាយការណ៍ពិសេសរបស់UNរូបនេះ បាននិយាយថា បច្ចុប្បន្នប្រទេសតិចតួចណាស់ដែលផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។ លោកបានបញ្ជាក់ថា អាវុធរបស់អ៊ីស្រាអែលប្រមាណ ៦៩% មកពីសហរដ្ឋអា មេរិក ខណៈដែលអាវុធរបស់អាល្លឺម៉ង់ មានចំនួន ៣០%។
លោក Saul បានអះអាងថា៖«នៅក្រោមច្បាប់អន្តរជាតិ គ្រប់ប្រទេសទាំងអស់ មានកាតព្វកិច្ចធានាថា អាវុធដែលខ្លួនផ្គត់ផ្គង់ មិនត្រូវបានប្រើដើម្បីបំពានច្បាប់មនុស្សធម៌នោះទេ»។ លោកបានបញ្ជាក់បន្ថែមទៀតថា ការគាំទ្រយ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់នូវអ្វីដែលលោកបានពិពណ៌នាថា ជា «គ្រឿងយុទ្ធោបករណ៍»របស់អ៊ីស្រាអែល។
លោក Saul បានរិះគន់ប្រទេសទាំងនេះ ដោយលើកឡើងថា ពួកគេបាន «បកស្រាយខុស និងមិនបានគោរពកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ»។ លោកស្នើឲ្យមានចំណាត់ការផ្លូវច្បាប់ចំពោះពួកគេ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។

