ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដោយសាររាជធានីភ្នំពេញមានសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងរវាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង។
លោកជំទាវបានសម្តែងនូវអំណអរគុណចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ។
ក្នុងជំនួបនោះលោកជំទាវបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនគួរឱ្យកត់សម្គាល់។
លោកជំទាវក៏បាននាំយកការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់ និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តម ឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ និងជូនពរក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណលោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខទៅកាន់ថ្នាក់ដឹកនាំវៀតណាម និងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ជាមួយគ្នានោះ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរគ្នាពីការអភិវឌ្ឍនៃទីក្រុងនៃប្រទេសទាំងពីរផងដែរ៕



