មនុស្សម្នា បានប្រញាប់ប្រញាល់រួសរាន់រត់ចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ដែលគ្របដណ្តប់ដោយធូលីដី កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារគោលដៅជាច្រើនរបស់ក្រុមចលនាហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន រួមទាំងអាកាសយានដ្ឋាន ហើយសារព័ត៌មានហ៊ូទី រាយការណ៍ថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ ។
ប្រមុខអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកស្ទើតែឡើងជិះយន្តហោះទៅហើយនៅក្នុងអាកាសយានដ្ឋានមួយនេះ ពេលដែលវាស្ថិតក្រោមការវាយប្រហារ ។ លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាកាសយានិកម្នាក់នៅលើយន្តហោះ បានរងរបួស ។
យោធាអ៊ីស្រាអែល និយាយថា ពីលើការវាយប្រហារអាកាសយានដ្ឋាន ពួកគេបានវាយប្រហារផងដែរលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅកំពង់ផែ Hodeidah, Salif និងកំពង់ផែ Ras Kanatib ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចប្រទេសយេម៉ែន ។ ពួកគេបានវាយប្រហារផងដែរ ស្ថានីយ៍ថាមពល Hezyaz និង Ras Kanatib របស់ប្រទេសមួយនេះ ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើអាកាសយានដ្ឋាន លើកំពង់ផែ Hodeidah និងស្ថានីយ៍ថាមពលមួយកន្លែង ត្រូវបានរាយការណ៍ផងដែរដោយទូរទស្សន៍ Al Masirah ។
លោក Tedros និយាយថា លោកបានស្ថិតនៅក្នុងប្រទេសយេម៉ែន ដើម្បីចរចាលើការដោះលែងអ្នកជាប់ឃុំដែលជាបុគ្គលិករបស់អង្គការសហប្រជាជាតិ(UN) ហើយនិងវាយតម្លៃស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសយេម៉ែន ៕


