បាល់ទាត់៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍លីគកំពូលកម្ពុជាឆ្នាំ២០២០ ក្លិបអង្គរថាយហ្គឺរបានចែកផ្លូវជាមួយកីឡាករចំនួន ៨រូបដោយក្នុងនៅមានកីឡាករសញ្ជាតិជប៉ុន ២រូប និងខ្មែរ ៦រូប។ បើតាមប្រភពជិតស្និទ្ធពីក្លិបបានឲ្យដឹងជាបឋមថា ការសម្រេចចិត្តចែកផ្លូវគ្នារវាងក្លិបអង្គរថាយហ្គឺរ ជាមួយកីឡាករទាំង ០៨រូបដោយសារតែពួកគេផុតកុងត្រាត្រឹមរដូវកាលឆ្នាំ២០២០នេះ ខណៈដែលក្លិបមិនបានបន្តកុងត្រាទៀតនោះទេ ស្របពេលដែលក្លិបក៏រងនូវផលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តិកូវិដ១៩ កន្លងទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករដែលនឹងចាកចេញពីក្លិបរួមមាន៖ កីឡាករ Joichiro Sugiyama ខ្សែបម្រើបានចុះកុងត្រាចូលរួមជាមួយអង្គរថាយហ្គឺរកាលពីខែមិថុនា ឆ្នាំ២០១៨, កីឡាករ Yudai Ogawa ចូលរួមជាមួយក្លិបកាលពីខែកុម្ភៈ ឆ្នាំ២០១៩, កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ, កីឡាករ សឹង ណារិទ្ធិ, អ្នកចាំទី សំ ពៅ, កីឡាករ ហម បញ្ញា, កីឡាករ លី អាលីហ្វីន និងកីឡាករ ឆុំ ភីសា។ គួរដឹងដែរថា ក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ អង្គរថាយហ្គឺរស្ថិតនៅក្នុងចំណាត់ថ្នាក់លើគេ ក្នុងចំណោមក្រុមទាំង៧ ខាងក្រោម ដោយនាំមុនគិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត សូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា ខណៈយុវជនបាទីត្រូវបានកាត់ចេញ៕
អត្ថបទ៖ ប៊ុនធឿន






