ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានលើកឡើងពីដំណើរវិវត្តន៍សំខាន់ៗនៅក្នុងប្រទេសស៊ីរី អំឡុងជំនួបវិសាមញ្ញរបស់ពួកគេ ដែលបានរៀបចំឡើងនៅក្នុងប្រទេសគុយវែតកាលពីថ្ងៃព្រហស្បតិ៍ ។
អគ្គលេខាធិការ GCC លោក Jassim Al-Budaiwi បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាពស៊ីរី បូរណភាពទឹកដីស៊ីរី និងច្រានចោលការជ្រៀតជ្រែករបស់បរទេស ។
ក្រុមរដ្ឋមន្រ្តីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរី រួមទាំងការកាន់កាប់តំបន់ទ្រនាប់ ហើយនិងការពង្រីកទីតាំងឈរជើងរបស់ពួកគេនៅតំបន់ខ្ពង់រាប Golan Heights ។
រដ្ឋមន្ត្រីក្រសួងការបរទេសគូវ៉ែតលោក Abdullah Ali Al-Yahya ដែលជាប្រធានកិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើជំហរឯកភាពរបស់ GCC ស្តីពីឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ។
លោកថា តំបន់មជ្ឈិមបូព៌ា កំពុងជួបប្រទះបញ្ហាប្រឈម និងវិបត្តិដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលទាមទារឲ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា ។ ការសម្រេចបានសន្តិភាព នៅក្នុងប្រទេសស៊ីរី និងលីបង់ នឹងមានឥទ្ធិពលវិជ្ជមានទៅលើសន្តិសុខ និងស្ថិរភាពនៃបណ្តារដ្ឋអារ៉ាប់ផ្សេងទៀត ។
ក្រុមរដ្ឋមន្រ្តីការបរទេស GCC បានអំពាវនាវឲ្យមានការដកទណ្ឌកម្មចេញពីស៊ីរី និងជំរុញការគាំទ្រអន្តរជាតិសម្រាប់ប្រជាជនស៊ីរី ។ ពួកគេបានបញ្ជាក់ឡើងវិញផងដែរ ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី ៕


