ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងថា មានទាហានចិនឈរជើងនៅព្រែកជីកដែលឆ្លងកាត់ប្រទេសអាមេរិកកណ្តាលមួយនេះ ជាការឆ្លើយតបនឹងសេចក្តីអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ។
នៅក្នុងការចុះផ្សារលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃពុធ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកម្នាក់នេះ បានចោទប្រកាន់ថា ទាហានចិនបានប្រតិបត្តិការដោយខុសច្បាប់នៅព្រែកជីកប៉ាណាម៉ា ។
ពេលសួរពីសេចក្តីអត្ថាធិប្បាយរបស់លោក Trump លោក Mulino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា វាមិនសមហេតុសមផលទាល់តែសោះ ។ លោកថា គ្មានទាហានចិនសូម្បីម្នាក់នៅព្រែកជីក ហើយម្យ៉ាងវិញទៀត វាមិនអាចកើតឡើងបាននោះទេ ។
ប្រទេសប៉ាណាម៉ា បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសមហាអំណាចនៅអាស៊ីមួយនេះ កាលពីឆ្នាំ ២០១៧ ក្រោយពួកគេផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ។
យោងតាមសម្តីរបស់លោក Mulino បានឲ្យដឹងថា បច្ចុប្បន្នទំនាក់ទំនងជាមួយចិន មានលក្ខខណៈគោរពគ្នាទៅវិញទៅមក មានការគ្រប់គ្រងបានយ៉ាងល្អ ក្នុងលក្ខខណ្ឌផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង ២ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Trumpបានគំរាមថា សហរដ្ឋអាមេរិកនឹងដណ្តើមយកមកវិញការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ដែលពួកគេធ្លាប់គ្រប់គ្រងអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយនិងបាននិយាយជំទាស់ថា ក្រុមអាជ្ញាធរប៉ាណាម៉ា កំពុងក្រេបជញ្ជក់កម្លាំងញើសឈាមនាវាសហរដ្ឋអាមេរិកដែលឆ្លងកាត់ព្រែកជីក ជាមួយនឹងការយកតម្លៃពន្ធខ្ពស់ គឺជាការចោទប្រកាន់មួយដែលលោក Mulino បានធ្វើការច្រានចោលម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ ៕


