ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ការផ្តល់រង្វាន់របស់ទីក្រុងហុងកុង ដើម្បីនាំទៅរកការចាប់ខ្លួនអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៦នាក់ទៀតដែលត្រូវបានចាត់ទុកថា បានបំពានច្បាប់សន្តិសុខជាតិ និងការដកហូតលិខិតឆ្លងដែនចំនួន ៧នាក់បន្ថែមទៀត គឺស្មើនឹងកិច្ចប្រឹងប្រែងបំភិតបំភ័យ។
អមដោយការបន្ថែមថា បុគ្គលគោលដៅមួយចំនួនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបដិសេធកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងហុងកុង ក្នុងការបំភិតបំភ័យ និងបំបិទមាត់បុគ្គលដែលជ្រើសរើសសហរដ្ឋអាមេរិកធ្វើជាផ្ទះរបស់ពួកគេ»។
មិនមានការឆ្លើយតបភ្លាមៗនោះឡើយ ពីក្រសួងការបរទេសចិន ចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការថ្កោលទោសរបស់ក្រសួងការបរទេសអាមេរិកនេះ។ ការិយាល័យរបស់ប្រទេសចិន ដើម្បីការពារសន្តិសុខជាតិ នៅក្នុងទីក្រុងហុងកុង បានឲ្យដឹងកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា ខ្លួនបានគាំទ្រសវិធានការនេះ។
ច្បាប់សន្តិសុខជាតិដែលដាក់ដោយប្រទេសចិន នៅក្នុងទីក្រុងហុងកុង បានបង្កឲ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ ដើម្បីដាក់ពន្ធនាគារសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវ ដោយហិង្សា ក្នុងឆ្នាំ២០១៩៕

