ប្រមុខអង្គការសុខភាពពិភពលោក (WHO) ដែលបានស្ថិតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Sanaa របស់ប្រទេសយេម៉ែន ក្នុងពេលមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) បាននិយាយថា មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែរូបលោកមានសុវត្ថិភាពជាធម្មតា។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «សមាជិកក្រុមអាកាសយានិកម្នាក់នៃយន្តហោះរបស់យើងបានរងរបួស»។ លោកបានបន្ថែមថា បុគ្គលិកអង្គការសហប្រជាជាតិផ្សេងទៀត ក៏មានសុវត្ថិភាពដែរ ប៉ុន្តែការចេញដំណើររបស់ពួកគេ ត្រូវបានពន្យារពេល រហូតដល់ការជួសជុលអាចត្រូវបានធ្វើឡើងរួចរាល់។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Tedros បានមានវត្តមាននៅប្រទេសយេម៉ែន ដែលជាផ្នែកមួយនៃបេសកកម្មស្វែងរកការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិដែលកំពុងជាប់ឃុំ និងវាយតម្លៃស្ថានភាពសុខភាព និងមនុស្សធម៌ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។
លោកបានប្រាប់ថា បេសកកម្ម «បានបញ្ចប់នៅថ្ងៃនេះ» ហើយថា «យើងបន្តអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំជាបន្ទាន់«។ ពេលហៀបនឹងឡើងយន្តហោះ លោកបាននិយាយថា «អាកាសយានដ្ឋានបានរងការទម្លាក់គ្រាប់បែកពីលើអាកាស»។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារចុងក្រោយបង្អស់លើអ៊ីស្រាអែលដោយក្រុមឧទ្ទាមហ៊ួធី ដែលគាំទ្រដោយអ៊ីរ៉ង់៕
