ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) បានច្រានចោលការពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ជុំវិញការគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា ដោយបដិសេធថា ប្រទេសចិនមិនបានជ្រៀតជ្រែក ក្នុងប្រតិបត្តិការរបស់ប្រទេសនេះឡើយ។
ជាមួយគ្នានេះ លោក Mulino ក៏បានច្រានចោលផងដែរនូវលទ្ធភាពនៃការកាត់បន្ថយថ្លៃឈ្នួល សម្រាប់នាវាអាមេរិក ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការទាមទារឲ្យប្រគល់ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញនូវសិទ្ធគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិកមួយនេះ។

លោក Mulino បានប្រាប់សន្និសីទសារព័ត៌មានថា៖ «មិនមានអ្វីត្រូវនិយាយនោះទេ។ ព្រែកជីកនេះ គឺគ្រប់គ្រងដោយប៉ាណាម៉ា ហើយជាកម្មសិទ្ធិរបស់ប្រជាជនប៉ាណាម៉ា។ គ្មានឱកាសបើកនូវការសន្ទនាប្រភេទនេះណាមួយ ជុំវិញការពិតនេះ ពោលគឺជាអ្វីដែលសម្រេចបានដោយតំណក់ញើស ឈាម និងទឹកភ្នែករបស់ប្រជាជន ក្នុងប្រទេស»។
គួររំលឹកថា ព្រែកជីកដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ១៩១៤ ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបានប្រគល់ឲ្យប្រទេសប៉ាណាម៉ា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ ក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពី ២ទសវត្សរ៍មុនដោយប្រធានាធិបតីអាមេរិក លោក Jimmy Carter និងមេដឹកនាំជាតិនិយមប៉ាណាម៉ា លោក Omar Torrijos។
កាលពីថ្ងៃទី២១ ខែធ្នូ លោក Trump បានថ្កោលទោសចំពោះអ្វីដែលលោកហៅថា ការយកថ្លៃសេវា «មិនសមហេតុផល» សម្រាប់នាវាអាមេរិកដែលឆ្លងកាត់ព្រែកជីកនេះ ហើយបានព្រលយពាក្យអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន៕
