យោធាអ៊ីស្រាអែលបានកែសម្រួលច្បាប់ប្រយុទ្ធរបស់ខ្លួនឲ្យធូររលុងជាងមុន នៅដើមដំបូងនៃសង្រ្គាម ក្នុងតំបន់ហ្កាហ្សា ដើម្បីអាចឲ្យមេបញ្ជាការបញ្ជាការវាយប្រហារលើគោលដៅនានា ទោះបីជាការស្លាប់ និងរបួសរបស់ជនស៊ីវិលមានហានិភ័យខ្ពស់ក៏ដោយ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន New York Times កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ)។
សារព័ត៌មាននេះ បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែលដោយក្រុមខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស ដែលតាមអ៊ីស្រាអែល បានឲ្យដឹងថា បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់ យោធាបានផ្តល់សិទ្ធិអំណាចដល់មន្ត្រីថ្នាក់កណ្តាលវាយប្រហារលើគោលដៅយោធាជាច្រើន ដែលមានជនស៊ីវិលរហូតដល់ ២០នាក់ ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។
បទបញ្ជានេះអនុញ្ញាតឲ្យមានវិធានការជាក់លាក់មួយចំនួន ដែលយោធាអាចកំណត់គោលដៅលើសមាជិកទូទៅរបស់ក្រុមសកម្មប្រយុទ្ធ ខណៈពេលដែលពួកគេក្នុងផ្ទះដែលមានទៅដោយសាច់ញាតិ និងអ្នកជិតខាងជុំជិត ដោយមិនចាំបាច់រង់ចាំឲ្យពួកគេចេញមកខាងក្រៅម្នាក់ឯងនោះឡើយ។ នេះបើតាមការឲ្យដឹងបន្តពីសារព័ត៌មានដដែលនេះ។
សារព័ត៌មាននេះបានបន្ថែមថា របាយការណ៍នេះ គឺផ្អែកលើបទសម្ភាសន៍ជាមួយទាហាន និងមន្ត្រីជាង ១០០នាក់ ក្នុងនោះរួមទាំងជាង ២៥នាក់ ដែលបានជួយជ្រើសរើស និងតាមដានគោលដៅ។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
សារព័ត៌មាន New York Times បានបញ្ជាក់បន្ថែមថា យោធាបានទទួលស្គាល់ថា ច្បាប់ប្រយុទ្ធបានកែប្រែ ក្រោយហេតុការណ៍ថ្ងៃទី៧ ខែតុលានោះ ប៉ុន្តែបាននិយាយថា កងកម្លាំងរបស់ខ្លួន បានប្រើប្រាស់មធ្យោបាយ និងវិធីសាស្រ្តដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។
គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការទាំងផ្លូវគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែល ដើម្បីសងសឹក បានសម្លាប់មនុស្សជាង ៤៥.០០០នាក់ និងរបួសជាង ១០៧.០០០នាក់ ដោយភាគច្រើននៃប្រជាជនចំនួន ២,៣លាននាក់បានភៀសខ្លួន និងបានធ្វើឲ្យដែនដីនៃតំបន់ឆ្នេរនេះក្លាយជាទីកន្លែងគំនរបាក់បែកដោយភាគច្រើន៕



