នៅខែមករាខាងមុខនេះ បែលហ្ស៊ិកនឹងក្លាយជាប្រទេសដំបូងគេនៅសហភាពអឺរ៉ុប ហាមឃាត់ការលក់បារីអេឡិចត្រូនិក(Vape) ដោយសារក្តីកង្វល់ពីការប្រើប្រាស់របស់វានៅក្នុងចំណោមក្មេងៗ និងផលប៉ះពាល់ដល់បរិស្ថានបណ្តាលមកពីវា ។
វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងថ្នាំជក់ក្នុងប្រទេសនៅអឺរ៉ុបខាងលិចមួយនេះ ជាទីដែលទិន្នន័យរដ្ឋាភិបាលបង្ហាញថា អ្នកជក់បារីក្មេងៗភាគច្រើន ចាប់ផ្តើមទម្លាប់ជាមួយ Vape ជាជាងបារីថ្នាំជក់ធម្មតា ។
លោក Frank Vandenbroucke គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលបែលហ្ស៊ិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បារីអេឡិចត្រូនិក ត្រូវបានរចនាឡើងដើម្បីទាក់ទាញមនុស្សក្មេងៗ ឲ្យមានអ្នកប្រើប្រាស់ថ្មីកាន់តែច្រើន ដែលកាលពីមុនពួកគេពុំធ្លាប់ដែលជក់នោះទេ ។ លោកបន្តថា បារីអេឡិចត្រូនិក ទាក់ទាញអ្នកជក់ជំនាន់ថ្មីដោយអន្លើរ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្របារីអេឡិចត្រូនិក និយាយថា Vape អាចជួយមនុស្សកាត់ផ្តាច់ការជក់បារីបាន ប៉ុន្តែក្រុមអាជ្ញាធរសុខភាព មានការព្រួយបារម្ភថា ការរចនាដ៏ស្រស់ស្អាតរបស់វា និងរសជាតិផ្លែឈើ អាចទាក់ទាញក្មេងៗជំនាន់ក្រោយបាន ។
សូមបញ្ជាក់ថា នៅក្នុងប្រទេសបែលហ្ស៊ិក ការលក់បារីអេឡិចត្រូនិកដល់នរណាម្នាក់ដែលមានអាយុក្រោម ១៨ឆ្នាំ គឺជារឿងខុសច្បាប់ ៕



