អាជ្ញាធរម៉ាលី បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត ក្នុងនោះមានជនជាតិម៉ាលី ២៥នាក់ផងដែរ បន្ទាប់ពីទូក ១គ្រឿង បានធ្វើដំណើរពីអាហ្វ្រិកខាងលិចទៅកាន់ប្រទេសអេស្ប៉ាញ បានក្រឡាប់លិចនៅម្ដុំឆ្នេរប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ។
ទូកនេះ បានដឹកមនុស្សប្រមាណ ៨០នាក់ នៅពេលក្រឡាប់នោះ។ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) ក្រសួងទទួលបន្ទុកប្រជាជនម៉ាលី នៅបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មានតែមនុស្ស ១១នាក់ប៉ុណ្ណោះដែលរួចជីវិត បន្ទាប់ពីបានប្រមូលព័ត៌មាន ដើម្បីកែប្រែទិន្នន័យឧបទ្ទវហេតុនោះឡើងវិញ។

ក្រសួងនេះ បានបន្ថែមថា អង្គភាពទទួលបន្ទុកវិបត្តិ ត្រូវបានបង្កើតឡើង ដើម្បីតាមដានស្ថានការណ៍ ហើយនឹងរាយការណ៍ព័ត៌មានថ្មីៗបន្ថែមទៀត។ ផ្លូវធ្វើដំណើររបស់ជនអន្តប្រវេសន៍ តាមមហាសមុទ្រអាត្លង់ទិក ពីឆ្នេរអាហ្រ្វិកខាងលិច ទៅកាន់ប្រជុំកោះ Canary ដែលជាធម្មតាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍អាហ្រ្វិកដែលព្យាយាមឲ្យបានទៅដល់ប្រទេសអេស្ប៉ាញ បានឃើញមានការកើនឡើងនៅឆ្នាំនេះ។
ជម្លោះជាច្រើនឆ្នាំ នៅក្នុងតំបន់ Sahel ដែលរួមមានប្រទេសម៉ាលីផងដែរ ភាពអត់ការងារធ្វើ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផលដែលមនុស្សព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់នេះ។
ក្រុមសិទ្ធិជនអន្តោប្រវេសន៍ Walking Borders បានឲ្យដឹងកាលពីខែមិថុនាថា ជនអន្តប្រវេសន៍ជិត ៥.០០០នាក់ដែលមិនធ្លាប់មានពីមុនមក បានស្លាប់នៅក្នុងសមុទ្ររយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ពេលព្យាយាមឲ្យបានទៅដល់ប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ៕