អាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសស៊ីរីកាលពីព្រហស្បតិ៍ បានជួបពិភាក្សាជាមួយប្រធានចារកម្មអ៊ីរ៉ាក់ដែលកំពុងបំពេញទស្សនកិច្ចលោក Hamid al-Shatri។ បើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី។
លោក Ahmed al-Sharaa ប្រធានក្រុមគ្រប់គ្រងពិតប្រាកដរបស់ប្រទេសស៊ីរី និងជាមេបញ្ជាការនៃក្រុម Hayat Tahrir al-Sham រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នរបស់ស៊ីរី លោក Asaad Hassan al-Shaibani និងប្រធានចារកម្មដែលទើបតែងតាំងថ្មីលោក Anas Khattab បានចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូអ៊ីរ៉ាក់ដែលដឹកនាំដោយលោកal-Shatri។
ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបវារៈ ឬលទ្ធផលនៃកិច្ចប្រជុំនោះទេ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់ ដែលដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Basim al-Awadi បានរាយការណ៍ថា លោក al-Shatri បានចូលរួមក្នុងការពិភាក្សាជាមួយថ្នាក់ដឹកនាំស៊ីរីថ្មីអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី និងវិធានការចាំបាច់សម្រាប់ការធានាសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនរួមរបស់ពួកគេ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia 'al-Sudani បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយស៊ីរី ក្នុងការគ្រប់គ្រងកិច្ចការរបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែក ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។