ក្រុមអាជ្ញាធរយេម៉ែន និយាយក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះថា ជើងហោះហើរបានចាប់ផ្តើមដំណើរការឡើងវិញហើយនៅអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
យន្តហោះមកពីក្រុមហ៊ុនអាកាសចរណ៍យេម៉ែន ត្រូវបានគេមើលឃើញហោះឡើង ជាមួយនឹងយន្តហោះផ្សេងទៀតនៅលើផ្លូវរត់ ខណៈដែលកញ្ចក់ និងកម្ទេចកម្ទីរាយប៉ាយ ត្រូវបានគេមើលឃើញនៅពាសពេញអាកាសយានដ្ឋាន ។
យោងតាមការអះអាងរបស់លោក Yahya Al-Sayani គឺជាអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនយេម៉ែន និងជាប្រធានអាជ្ញាឧតុនិយម និងអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ការវាយប្រហារនេះ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ៤នាក់ និងមនុស្សជិត ២០នាក់ផ្សេងទៀត រងរបួស ។
លោក Al-Sayani បន្តថា ការវាយប្រហារនេះ គឺជាការឈ្លានពានផ្ទាល់ បំពានច្បាប់អន្តរជាតិ និងបំពានលើច្បាប់ទាំងអស់របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ។
អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បាននៅក្នុងអាកាសយានដ្ឋានមួយនេះ រង់ចាំចាកចេញ ពេលដែលការទម្លាក់គ្រាប់បែកតាមច្រកអាកាស បានកើតឡើង ហើយលោកនិយាយថា សមាជិកម្នាក់ក្នុងចំណោមក្រុមអាកាសយានិកលើយន្តហោះរបស់លោក បានរងរបួស ។
អ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារផងដែរលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅកំពង់ផែ Hodeidah, Salif និងកំពង់ផែ Ras Kanatib ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចប្រទេសយេម៉ែន ។ ពួកគេបានវាយប្រហារស្ថានីយ៍ថាមពល Hezyaz និង Ras Kanatib របស់ប្រទេសមួយនេះ ។
ខណៈពេលនោះដែរ សារព័ត៌មានហ៊ូទី រាយការណ៍ថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទី តែងតែវាយប្រហារម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីលលើគោលដៅរបស់អ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ៕