រដ្ឋមន្ត្រីក្រសួងថាមពលទួរគី លោក Alparslan Bayraktar ត្រូវបានដកស្រង់សម្តី នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) ដែលបាននិយាយថា ប្រទេសទួរគីមានបំណងផ្ដល់អគ្គិសនីដល់ប្រទេសស៊ីរី និងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ដោយបន្ថែមថា ទីក្រុងអង់ការ៉ា ក៏អាចធ្វើការជាមួយអ្នកដឹកនាំថ្មីរបស់ស៊ីរី លើផ្នែកប្រេង និងឧស្ម័នធម្មជាតិផងដែរ។
បន្ទាប់ពីបានជួយគាំទ្រក្រុមឧទ្ទាមស៊ីរី ដែលបានផ្តួលរំលំរបបរបស់ប្រធានាធិបតី លោក Bashar al-Assad ក្នុងខែនេះ ក្រោយពីមានសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ ទួរគីបានលេចមុខឡើងក្នុងជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពលមួយ នៅក្នុងប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងជួយកសាងប្រទេសនេះឡើងវិញ។
ហើយជាមួយគ្នានេះដែរ ទីក្រុងអង់ការ៉ា ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលបើកស្ថានទូតរបស់ខ្លួនឡើងវិញ ក្នុងទីក្រុងដាម៉ាស ខណៈពេលដែលទាំងរដ្ឋមន្ត្រីការបរទេស និងប្រមុខចារកម្មរបស់ប្រទេសនេះ បានជួបជាមួយមេដឹកនាំជាក់ស្ដែងរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa នៅទីនោះ។
លោក Bayraktar ដែលបានជួបជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយទួរគី បាននិយាយថា គណៈប្រតិភូដែលលោកធ្វើជាប្រធាន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី នាថ្ងៃសៅរ៍ (ទី២៨ ខែថ្នូ) ដើម្បីពិភាក្សាអំពីការបញ្ជូនអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗទៀត៕