សេវាសន្តិសុខ FSB របស់រុស្ស៊ី នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា លោក Eugene Spector ជាពលរដ្ឋអាមេរិកដែលត្រូវជាប់ពន្ធនាគារសរុបចំនួន ១៥ឆ្នាំ ក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការក្រុងមូស្គូបានកាត់ទោសរូបលោកពីបទចារកម្មនោះ ត្រូវបានរកឃើញថា មានទោសពីបទបញ្ជូនព័ត៌មានសម្ងាត់ពីបច្ចេកវិទ្យាខាងជីវសាស្ត្រទៅសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា លោក Spector ដែលកើតនៅរុស្ស៊ី ហើយបន្ទាប់មកបានផ្លាស់ទៅសហរដ្ឋអាមេរិកនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ពីបទធ្វើចារកម្ម។ ទោសនេះត្រូវបានបន្ថែមពីលើការផ្ដន្ទាទោសពីបទផ្ដល់សំណូកដែលមានស្រាប់ ទើបធ្វើឲ្យលោកត្រូវមានរយៈពេលជាប់ពន្ធនាគារថ្មី ១៥ឆ្នាំ នៅឯមន្ទីរឃុំឃាំងព្រហ្មទណ្ឌ ដែលមានការយាមផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានរៀបរាប់ឲ្យដឹង ជុំវិញថា តើលោក Spector បានផ្ដល់ចម្លើយតទល់នឹងការចោទប្រកាន់លើរូបលោក នៅក្នុងដំណើរការកាត់ក្ដីដោយបិទទ្វារនេះយ៉ាងដូចម្ដេចនោះទេ។ ព័ត៌មានលម្អិតនៃសំណុំរឿងចារកម្មប្រឆាំងនឹងរូបលោក ក៏មិនត្រូវបានបង្ហាញជាសាធារណៈនោះដែរ នាពេលនេះ។ ប៉ុន្តែ FSB ដែលជាទីភ្នាក់ងារតពី KGB សម័យសូវៀត បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក Spector បានដើរតួនាទីតំណាងឲ្យមន្ទីរបញ្ចកោណ៕