វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Rafael Nadal សង្ឃឹមថា នឹងអាចវិលចូលទីលានប្រកួតវិញនៅខែក្រោយនេះក្នុងព្រឹត្តិការណ៍ Mubadala World Tennis Championship នៅទីក្រុងឌូបៃអារ៉ាប់រួម ដើម្បីជាការត្រៀមលក្ខណៈសំរាប់ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំក្រោយ Australian Open។

កីឡាករអេស្ប៉ាញវ័យ ៣៥ឆ្នាំរូបនេះលេងបានតែ ២ប្រកួតប៉ុណ្ណោះតាំងពីធ្លាក់ពីការប្រកួត Grand Slam, French Open ត្រឹមជុំទី២ កាលពីខែមិថុនា។ ក្រោយមក Nadal បានសំរេចព្យាបាលរបួសជើងរបស់ខ្លួនដែលបានទទួលការវះកាត់។ Nadal បានឱ្យដឹងថា គំរោងវិលត្រលប់ចូលទីលានវិញនៅខែធ្នូខាងមុខសង្ឃឹមថានឹងអាចទៅរួច ដោយនៅពេលនេះរបួសជើងបានធូរស្រាល និងបានធ្វើការហ្វឹកហាត់វិញសន្សឹមៗ ១ម៉ោងក្នុងមួយថ្ងៃ។ ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី១៧-៣០ ខែមករាដើមឆ្នាំក្រោយ។ រំលឹកថា កីឡាករជើងឯក Grand Slam ២០លើករូបនេះធ្លាប់ឈ្នះជើងឯក Australian Open ចុងក្រោយបំផុតនៅឆ្នាំ២០០៩ ក្រោយមកចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ៤លើក៕
អត្ថបទ៖នាង សុភាវុធ