នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានសម្តែងមរណទុក្ខដល់ការទទួលមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក Manmohan Singh ដោយពួកគេនិយាយថា លោក Singh បានចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានក្នុងទំនាក់ទំនងឥណ្ឌា-ចិន ។
លោក Singh ដែលធ្លាប់ជានាយករដ្ឋមន្រ្តីឥណ្ឌាចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ បានទទួលមរណភាពក្នុងវ័យ ៩២ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
លោកត្រូវបានគេផ្តល់កិត្តិយសក្នុងការដឹកនាំប្រទេសឥណ្ឌាឲ្យឈានទៅរកកំណើនសេដ្ឋកិច្ចដែលពុំធ្លាប់មានពីមុនមក និងបានធ្វើឲ្យមនុស្សរាប់រយលាននាក់ចាកផុតពីភាពក្រីក្រធ្ងន់ធ្ងរ ហើយលោកបានបន្តបម្រើក្នុងអាណត្តិទីពីរដ៏កម្ររបស់លោក ។
ដោយឡែក នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសឥណ្ឌាកំពុងកាន់ទុក្ខការបាត់បង់មេដឹកនាំដែលត្រូវបានផ្តល់កិត្តិយសបំផុតមួយរូបនេះ ។
លោក Singh ធ្លាប់ជាសេដ្ឋវិទូដែលមានការគោរព បន្ទាប់មកជាទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា និងជាទីប្រឹក្សារដ្ឋាភិបាល ប៉ុន្តែលោកពុំមានផែនការច្បាស់លាស់សម្រាប់អាជីពនយោបាយនោះទេ នៅពេលដែលលោកត្រូវបានជ្រើសរើសឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាលពីឆ្នាំ១៩៩១ ៕