លោក Donald Trump បានជំរុញឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ផ្អាកច្បាប់សហព័ន្ធ ដែលនឹងហាមឃាត់កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ក្រុមហ៊ុន Tik Tok ឬបង្ខំឱ្យក្រុមហ៊ុននេះលក់ទៅឲ្យសហរដ្ឋអាមេរិក ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានអះអាងថា លោកនឹងមានពេលវេលា បន្ទាប់ពីចូលកាន់តំណែងដើម្បីបន្ត «ដំណោះស្រាយផ្នែកនយោបាយចំពោះបញ្ហានេះ»។
ក្រុមហ៊ុនTikTok និងក្រុមហ៊ុនមេរបស់ខ្លួនគឺក្រុមហ៊ុន ByteDance កំពុងព្យាយាមដើម្បីរក្សាកម្មវិធីដ៏ពេញនិយមនៅលើបណ្តាញអ៊ីនធឺណិតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីសភាបានបោះឆ្នោតកាលពីខែមេសា ដើម្បីហាមឃាត់ក្រុមហ៊ុន លុះត្រាតែក្រុមហ៊ុនមេរបស់ចិនមួយនេះលក់ទៅឲ្យសហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមករា។
ក្រុមហ៊ុន បានស្វែងរកឱ្យមានការបន្ធូរបន្ថយច្បាប់ ហើយតុលាការកំពូលបានយល់ព្រមបើកសវនាការ លើករណីនេះ។
តុលាការគ្រោង នឹងបើកសវនាការលើទឡ្ហីករណ៍ក្នុងសំណុំរឿងនេះនៅថ្ងៃទី១០ ខែមករា។ ប៉ុន្តែប្រសិនបើតុលាការមិនចេញសេចក្តីសម្រេចក្នុងការគាំទ្រក្រុមហ៊ុន ByteDance ហើយពុំមានការច្រានចោលណាមួយធ្វើឡើង នោះកម្មវិធីនេះអាចនឹងត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក នៅថ្ងៃ ទី ១៩ ខែមករា មួយថ្ងៃមុនពេល លោក Trump ចូលកាន់តំណែង។
លោក Trump បាននិយាយនៅក្នុងឯកសារមួយកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ថា «ករណីនេះ បង្ហាញពីភាពតានតឹងដែលមិនធ្លាប់មានពីមុនមក ជាភាពតានតឹងដ៏ពិបាករវាងសិទ្ធិក្នុងការនិយាយស្តីដោយសេរី នៅម្ខាង ហើយម្ខាងទៀតជាក្តីបារម្ភគោលនយោបាយការបរទេស និងក្តីបារម្ភផ្នែកសន្តិសុខជាតិ។