នាវាដឹកប្រេងដែលត្រូវបានរឹបអូស ត្រូវបានចោទប្រកាន់ពីការបំផ្លាញបណ្តាញខ្សែថាមពលក្រោមបាតសមុទ្រ និងខ្សែកាបអ៊ីនធឺណិតចំនួន៤ខ្សែ ដែលនៅក្បែរឆ្នេរសមុទ្រប្រទេសហ្វាំងឡង់។
ក្រុមអ្នកស៊ើបអង្កេតប្រទេសហ្វាំងឡង់ បាននិយាយថា នាវាដែលជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី អាចបង្កការខូចខាតដល់បណ្តាញខ្សែកាបដោយការអូសយុថ្ការបស់នាវាតាមបណ្តោយបាតសមុទ្រ បណ្តាលឱ្យដាច់ខ្សែថាមពល Estlink 2 ដែលតភ្ជាប់ប្រទេសហ្វាំងឡង់ ជាមួយប្រទេសអេស្តូនី កាលពីពេលពេលថ្មីៗនេះ។
វិមានក្រឹមឡាំង បាននិយាយថា ការរឹបអូសយកនាវាដឹកប្រេងរុស្សី ធ្វើឡើងដោយប្រទេសហ្វាំងឡង់ ជាការព្រួយបារម្ភមួយ។ ប៉ុន្តែប្រទេសតំបន់សមុទ្របាល់ទិកមានការប្រុងប្រយ័ត្នខ្ពស់។
សម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនវត្តមានរបស់ខ្លួននៅសមុទ្របាល់ទិក បន្ទាប់ពីមានការបំផ្លិចបំផ្លាញដែលសង្ស័យ។
ប្រទេសអេស្តូនី បានចាប់ផ្តើមប្រតិបត្តិការកងទ័ពជើងទឹក ដើម្បីការពារខ្សែបណ្តាញអគ្គិសនីស្របគ្នា ហើយឆ្មាំល្បាតឆ្នេររបស់ប្រទេសស៊ុយអែត បាននិយាយថា ខ្លួនបានបង្កើនការឃ្លាំមើលការធ្វើនាវាចរណ៍របស់នាវា។
មន្ត្រីគយបាននិយាយថា ពួកគេជឿថា នាវានេះគឺជាផ្នែកមួយនៃ «កងនាវាស្រមោល» នៃនាវាដឹកប្រេងដែលមានអាយុកាលចំណាស់ ដែលត្រូវបានប្រើប្រាស់ដើម្បីគេចវេះពីការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់រុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រតិបត្តិករបណ្តាញអគ្គិសនី បាននិយាយថា ខ្សែថាមពល Estlink 2 ដែលត្រូវបានបំផ្លាញ ប្រហែលជាពុំអាចដំណើរការឡើងវិញក្នុងពេលឆាប់ៗ នោះទេ។

