ក្រុមបាតុករនៅប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ដោយអំពាវនាវឱ្យ ប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានដាក់ការចោទប្រកាន់ ចុះចេញពីតំណែងជាបន្ទាន់ បន្ទាប់ពីប្រធានាធិបតីស្តីទី លោក Han Duck-soo ក៏ត្រូវបានសភាដឹកនាំដោយគណបក្សប្រឆាំងដាក់ការចោទប្រកាន់ទម្លាក់តំណែង ផងដែរ។
មនុស្សជាងមួយពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្បែរលំនៅឋានរបស់លោក Yoon ក្នុងទីក្រុងសេអ៊ូល ដោយអំពាវនាវឱ្យលោក លាចេញពីដំណែង និងបានសាទរចំពោះការចោទប្រកាន់លើលោក Han Duck-soo ។
កាលពីថ្ងៃសុក្រ តុលាការធម្មនុញ្ញ បានបើកសវនាការលើកដំបូងរបស់ខ្លួន ដើម្បីពិនិត្យឡើងវិញថាតើត្រូវឲ្យលោកYoon ចូលកាន់តំណែងវិញ ឬដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍។ វាមានរយៈពេលពេល១៨០ថ្ងៃ ដើម្បីឈានដល់ការសម្រេច។
នាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលជាប្រធានាធិបតីស្តីទី ចាប់តាំងពីលោក Yoon ត្រូវបានដាក់ការចោទប្រកាន់កាលពីថ្ងៃទី១៤ ខែធ្នូ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ត្រូវបានចោទប្រកាន់បន្ទាប់ពីលោកបានច្រានចោលសំណើរបស់គណបក្សប្រឆាំង ក្នុងការតែងតាំងបន្ទាន់នូវចៅក្រមចំនួនបីរូប ដើម្បីបំពេញការងារដែលនៅទំនេរនៅក្នុងតុលាការធម្មនុញ្ញ ដោយលោកបាន និយាយថា វាហួសពីតួនាទីស្តីទីរបស់លោក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ដែលបានបន្តកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈសំណុំរឿងរបស់ Yoon និងលោក Han ត្រូវបានពិចារណាដោយតុលាការធម្មនុញ្ញ ក៏អាចប្រឈមនឹងការដកតំណែងផងដែរ ប្រសិនបើលោកមានការប៉ះទង្គិចជាមួយគណបក្សប្រឆាំង។

