ប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយកាលពីថ្ងៃសុក្រ ថា រដ្ឋាភិបាលរបស់លោក បានបញ្ជាឲ្យយោធាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីលទ្ធភាពដែលកូរ៉េខាងជើង អាចឆក់យកឱកាសពីស្ថានភាពនយោបាយរបស់ខ្លួន ដើម្បីធ្វើសកម្មភាពបង្កហេតុណាមួយ ។
លោក Choi ដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងដែរនោះ បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយក្លាយជាប្រធានាធិបតីស្តីទី ទី២របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២សប្តាហ៍ ក្រោយសភាបោះឆ្នោតចោទប្រកាន់មេដឹកនាំស្តីទី លោក Han Duck-soo ជាហេតុធ្វើឲ្យមានភាពពុំច្បាស់លាស់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤នៅអាស៊ី មួយនេះ។
ការចោទប្រកាន់លើលោក Han ដែលបានក្លាយជាប្រធានាធិបតីស្តីទី ក្រោយអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី ១៤ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ បានរុញច្រានប្រទេសដែលធ្លាប់តែមានប្រជាធិបតេយ្យដ៏រស់រវើកមួយនេះ ធ្លាក់ទៅក្នុងស្ថានភាពមិនច្បាស់លាស់ ។

