ប្រទេសចិន បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នាវាប្រយុទ្ធថលជលិក(ក្នុងទឹកនិងលើគោក)ប្រភេទ 076 លើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ជាចំណាត់ការមួយដែលជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹករបស់ប្រទេស នៅក្នុងសមុទ្រឆ្ងាយ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នាវានេះមានឈ្មោះថា Sichuan គឺជាគ្រឿងយុទ្ធោបករណ៍ដ៏សំខាន់មួយ ក្នុងគោលបំណងធ្វើទំនើបកម្មការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ កងទ័ពជើងទឹករបស់ប្រទេសចិន។
ទូរទស្សន៍ CCTV បាននិយាយថា នាវាត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរយៈចម្ងាយឆ្ងាយ និងអាចផ្ទុកយន្តហោះ ឧទ្ធម្ភាគចក្រ យានប្រយុទ្ធទាំងក្នុងទឹកនិងលើគោក និងយុទ្ធោបករណ៍ផ្សេងៗទៀត។
ដោយត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិន នាវា Sichuan ត្រូវបានបំពាក់ដោយមុខងារទំនើបៗ រួមទាំងបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញា ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងចុះចតនៅលើនាវាបាន។
ប្រទេសចិន បានប្តេជ្ញាធ្វើទំនើបកម្មកងកម្លាំងទ័ពជើងទឹករបស់ខ្លួន រយៈពេលជាងមួយទសវត្សរ៍ មកហើយ ជាមួយនឹងមហិច្ឆតាក្នុងការសម្រេចបាននូវសមត្ថភាពប្រតិបត្តិការជាសកល។

