ភ្នំពេញ៖ ខណៈនៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ គឺជាខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា។ ទន្ទឹមនេះ ភាគីសហជីព បានលើកឡើងស្រដៀងគ្នាថា សព្វថ្ងៃនេះប្រសិនបើប្រទេសជួបបញ្ហាសង្រ្គាម កម្មករ កម្មការិនី និងប្រជាពលរដ្ឋដទៃផ្សេងទៀត ក៏មិនអាចប្រកបកិច្ចការងារបានដែរ ដោយត្រូវបាត់បង់ទាំងប្រាក់ចំណូល និងអ្វីៗគ្រប់យ៉ាងជាច្រើនថែមទៀត។
លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានលើកឡើងថា ទិវាសន្តិភាពកម្ពុជា គឺជាសារ និងជាសម្លេងមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារពាក្យថា សន្តិភាព ពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនទាំងអស់ ក្នុងការរស់នៅប្រកបដោយភាពសម្បូរសប្បាយនិងសេរីភាពពេញលេញ។
ជាមួយនេះ លោកក៏បានរម្លឹកឲ្យដឹងអំពីការឆ្លងកាត់ទុក្ខលំបាកដ៏វេទនាជាច្រើនក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទាំងសិទ្ធមិនអាចបញ្ចេញសូម្បីមតិយោបល់ ការហូបចុក និងការដើរហើរជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ ឆ្នាំ២០២៤ និងឈានដល់ឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានមេគ្គុទេស៍ក្នុងការដឹកនាំដ៏វៃឆ្លាត ដូច្នេះប្រទេសទទួលបានសន្តិភាពពេញលេញ ទាំងក្នុងវិស័យការងារ ការពារជាតិ និងទាំងវិស័យសេដ្ឋកិច្ច គឺសន្តិភាពទាំងព្រមតែម្តង។
លោកស្រី ទេព គឹមវណ្ណារី ប្រធានកិត្តិយសសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា ទិវាសន្តិភាពនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់កម្មករនិយោជិត ដោយសារថា ទី១.ការរស់រានមានជីវិត ដែលបានចាកផុតពីសម័យសង្រ្គាម ទី២.មានសិទ្ធិសេរីភាពក្នុងការដើរហើរ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការរស់នៅ និងសិទ្ធិសេរីក្នុងការបង្កើនចំណេះដឹងជាដើម ដែលទាំងនេះ គឺពិតជាបង្ហាញអំពីសុខសន្តិភាពយ៉ាងលេញក្នុងការរស់នៅរបស់ប្រជាជនគ្រប់ៗរូប។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» បានត្រៀមរៀបចំកម្មវិធីអបអរ នៅវិមានឈ្នះឈ្នះ និងនៅវិមានកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងផែនការរបស់អនុគណៈកម្មការរៀបចំពិធី ក៏បានត្រៀមរៀបចំកម្លាំងចូលរួមសរុបចំនួនជិត ២ម៉ឺននាក់ និងមានការអុជកាំជ្រួចរយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីនេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី






