ទីភ្នាក់ងារព័ត៌មានផ្លូវការជាតិ (NNA) បានរាយការណ៍ថា កងកម្លាំងសន្តិសុខលីបង់ កាលពីថ្ងៃសុក្រ បានចាប់ខ្លួនជនជាតិស៊ីរី ៦៧នាក់ ពីបទចូលប្រទេសលីបង់ ដោយខុសច្បាប់ រួមជាមួយនឹងអ្នកបើកបររថយន្តក្រុងជនជាតិលីបង់ម្នាក់ ដែលកំពុងដឹកជញ្ជូនពួកគេ។
យោងតាមសារព័ត៌មាន NNA បានឲ្យដឹងថា ក្នុងចំណោមអ្នកចាប់ខ្លួនទាំងនោះ មានស្ត្រី និងកុមារ រួមទាំងទារកម្នាក់ អាយុក្រោម ៤០ថ្ងៃ។
ស្ថាប័នតុលាការពាក់ព័ន្ធ កំពុងស៊ើបអង្កេតករណីនេះ ដើម្បីកំណត់ចំណាត់ការសមស្របចំពោះអ្នកដែលត្រូវបានចាប់ខ្លួន។
ប្រទេសស៊ីរី បានប្រឈមមុខនឹងភាពចលាចលផ្នែកនយោបាយ ខណៈដែលក្រុមចម្រុះសកម្មប្រយុទ្ធដឹកនាំដោយក្រុម Hayat Tahrir al-Sham បានផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលោក បាសា អាល់អាសាដ(Bashar al-Assad) កាលពីដើមខែនេះ ដែលជំរុញឲ្យប្រជាជនស៊ីរីជាច្រើនភៀសខ្លួន ទៅកាន់ប្រទេសលីបង់។

